មហារីកអណ្តាតគឺជាមហារីកមាត់ដែលឧស្សាហ៍ជួបប្រទះច្រើនជាងគេ មានប្រហែលជា31%~39%នៃមហារីកមាត់។ អាស្រ័យដោយសារតែប៉ន្មានឆ្នាំនេះ អត្រានៃការកើតមានជម្ងឺមានអត្រាកើនឡើងបន្តិចម្តងៗ ស្វែងយល់ពីមូលហេតុ និង រោគសញ្ញានៃមហារីកអណ្តាត អាចជាជំនួយដល់លោកអ្នកក្នុងការការពារមហារីកអណ្តាត និង ការព្យាបាលមហារីកអណ្តាតឱ្យបានទាន់ពេលវេលា។
1. កត្តាខាងក្រៅខ្លួន ៖ ដូចជាការធ្វើឱ្យអណ្តាតមានដំបៅ( ធ្មេញខូចចាក់ត្រូវអណ្តាត ឬខាំត្រូវដោយខ្លួនឯង) ប្រសិនបើដំបៅនោះមិនងាយជា ដោយសារតែវាកកិតជាមួយធ្មេញជារៀងរាល់ថ្ងៃ នោះវាអាចនឹងមានលទ្ធភាពបណ្តាលឱ្យក្លាយជាមហារីក។ ក្នុងករណីអនាម័យក្នុងមាត់មិនស្អាត វាអាចធ្វើឱ្យអណ្តាតមានការរលាគរ៉ាំរ៉ៃ ប្រសិនបើមានកត្តាផ្សេងៗជួយជំរុញទៀតនោះ វាក៏អាចបណ្តាលឱ្យកើតជម្ងឺមហារីកបានដែរ។ ជាតិវិទ្យុសកម្មក៏អាចបណ្តាលឱ្យកើតមហារីកផងដែរ។ នៅក្នុងវិស័យវេជ្ជសាស្ត្រ គេឃើញមានអ្នកជម្ងឺមហារីកច្រមុះមួយចំនួនតូចបានកើតនូវជម្ងឺមហារីកអណ្តាតក្រោយការព្យាបាលជម្ងឺមហារីកច្រមុះដោយការបាញ់កាំរស្មី។
2. កត្តាសារជាតិគីមី ៖ ជម្ងឺមហារីកមានទំនាក់ទំនងជាមួយការសេពសុរា និង បារី ដូចជាសារជាតិនីកូទីននៅក្នុងបារីអាចបណ្តាលឱ្យកើតជម្ងឺមហារីក។ នៅក្នុងស្រាគឺមិនមានសារជាតិបង្កជម្ងឺមហារីកទេ ប៉ុន្តែអេតានុល(ស្រា) វាគឺជាសូលុយស្យុងសំរាប់រំលាយសារជាតិបង្កជម្ងឺមហារីក មាននាទីក្នុងការជួយជំរុញសារជាតិបង្កជម្ងឺមហារីកចូលទៅក្នុងភា្នសនៃផ្ទៃអណ្តាត។
3. កត្តាជីវសាស្ត្រ ៖ មានការសិក្សាស្រាវជា្រវបង្ហាញថា ក្រុមវីរុសឈ្មោះ(Papillomavirus)មួយចំនួនមានទំនាក់ទំនងជាមួយនឹងជម្ងឺមហារីកអណ្តាត។
4. កត្តាផ្សេងៗ ៖ ការសំយោគយកសារជាតិចិញ្ចឹមរបស់រាង្គកាយមានភាពខុសប្រក្រតី។
5. ដំណាក់កាលមុនក្លាយទៅជាជម្ងឺមហារីក ៖ ក្នុងវិស័យវេជ្ជសាស្ត្រ មានជម្ងឺមហារីកអណ្តាតមួយចំនួនស្ថិតនៅក្នុងដំណាក់កាលមុនក្លាយទៅជាជម្ងឺមហារីក។
ភាគច្រើននៃជម្ងឺមហារីកអណ្តាតគឺកើតឡើងនៅក្នុងភ្នាសធម្មតា ដំណាក់កាលដំបូងគឺលេចចេញដូចជា សាច់មហារីក ភាគតិចណាស់ដែលវិវត្តន៍មកពីដំណាក់កាលមុនក្លាយទៅជាជម្ងឺមហារីក។ ភាគច្រើននៃមហារីកអណ្តាតដំណាក់ដំបូងមិនមានភាពច្បាស់លាស់ទេ នៅពេលដែលអ្នកជម្ងឺមានការឈឺចាប់ផ្នែកអណ្តាត និងការព្យាបាលដែលមានភាពមិនស្រួលណាមួយនោះ ដុំមហារីកមានទំហំធំជាងពី1~2cm។ ដំណាក់កាលដំបូងនៃមហារីកអណ្តាតអាចលេចចេញនូវអាការៈបីយ៉ាងដូចជាមានដំបៅ សាច់ដុះចេញក្រៅ និង ស៊ីចូលក្នុងអណ្តាត។សាច់ដុំមហារីកដែលដុះចេញក្រៅអាចមានរាងជាផ្កាខាត់ណា។ ការស្តែងចេញឱ្យឃើញនូវជម្ងឺមហារីកអណ្តាត មានដូចជាដំបៅអណ្តាត និង ស៊ីចូលក្នុងអណ្តាត រួមជាមួយនឹងប៉ះឈឺ ឬក៏ឈឺដោយខ្លួនឯង ហើយវាអាចឈឺដល់គុម្ពត្រចៀក។ ប្រសិនបើដំបៅមានឆ្លងមេរោគ អាចនឹងមានចេញឈាម ឬក៏មានក្លិនស្អុយ។ ប្រសិនបើដុំមហារីកនោះ ស៊ីចូលដល់សាច់ដុំអណ្តាត វាធ្វើឱ្យចលនាត្រូវបានកំរិត មានការពិបាកក្នុងការហូបចុក និយាយស្តីមិនច្បាស់ ហូរទឹកមាត់ចេញមកក្រៅ។
ដំណាក់កាលចុងក្រោយគឺវារុករានទៅស្ទើរពេញផ្ទៃអណ្តាតឬក៏វារុករានទៅខាងក្រោមអណ្តាត។ ឬក៏អាចរុករានទៅដល់ឆ្អឹងចង្ការ។ សរសៃឈាម និងប្រព័ន្ធទឹករងៃនៅក្នុងអណ្តាតមានភាពសំបូរ ជាពិសេសប្រសិនបើយើងឧស្សាហ៍សង្កត់ទៅលើអណ្តាត នោះវានឹងធ្វើឱ្យមហារីកអណ្តាតងាយនឹងរាតត្បាតកូនកណ្តុរនៅផ្នែកក។ ផ្នែកដែលជម្ងឺមហារីកអណ្តាតងាយនឹងរីករាលដាលទៅដល់មានដូចជា កូនកណ្តុរផ្នែកក និងកូនកណ្តុរក្រោមចង្ការ ។ ប្រសិនបើដុំមហារីករីករាលដាលស្ទើរពាសពេញផ្ទៃអណា្តត នោះការរីករាលដាលទៅដល់កូនកណ្តុរផ្នែកកទាំងសងខាង វាមានអត្រាទ្វេដងខ្ពស់ជាងករណីដែលដុំមហារីកមិនទាន់រីករាលដាលពាក់កណ្តាលផ្ទៃអណ្តាត។ មហារីកអណ្តាតដំណាក់កាលចុងក្រោយ វាអាចរីករាលដាលទៅដល់សួត ឬក៏កន្លែងដទៃទៀត។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា ៖ ប្រសិនបើសង្ស័យថាមានលេចចេញនូវរោគសញ្ញាមហារីកអណ្តាត សូមប្រញាប់រួសរាន់ទៅធ្វើការពិនិត្យនៅមន្ទីរពេទ្យត្រឹមត្រូវតាមស្តង់ដា កុំឱ្យពន្យាក្នុងការព្យាបាល។