លោក Lin Chi Cheng ប្រធានសម្ព័ន្ធប៉ អាយនិងក្រុមការងាររបស់លោក ដែលបានអញ្ជើញមកដល់កម្ពុជានាពេលថ្មីៗនេះ បានធ្វើសន្និសីទសារព័ត៌មានមួយ ដោយបានប្រកាសឲ្យដឹងថា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលបានដាក់ឲ្យមាននៅកម្ពុជានេះ គឺជាការិយាល័យតំណាងរបស់សម្ព័ន្ធប៉ អាយ ដើម្បីទទួលនូវរាល់ព័ត៌មានទាំងឡាយស្តីពីសេវាថែទាំសុខភាពជូនប្រជាជនកម្ពុជា ពិសេសគឺការពិគ្រោះយោបល់ និងផ្តល់ព័ត៌មានគ្រប់យ៉ាងដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ដែលចង់ដឹងពីសុខភាពរបស់ខ្លួន ឬចង់ទៅព្យាបាលជម្ងឺផ្សេងៗនៅមន្ទីរពេទ្យក្វាងចូវរបស់ប្រទេសចិន ក្រោយពីការពិនិត្យរបស់គ្រូពេទ្យជំនាញឃើញថា មានអាការៈជម្ងឺណាមួយ។
លោកប្រធានសម្ព័ន្ធប៉ អាយក៏បានឲ្យដឹងផងដែរថា នៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានគ្រូពេទ្យជំនាញគ្រប់ផ្នែក ជាមន្ទីរពេទ្យដែលធំជាងគេនៅប្រទេសចិន។
សម្ព័ន្ធព្យាបាលប៉ អាយកកើតឡើងតាំងពីឆ្នាំ១៩៨៩មក បានអភិវឌ្ឍ២៤ឆ្នាំហើយ បច្ចុប្បន្នជាសម្ព័ន្ធឯកជនធំជាងគេនៅប្រទេសចិន និងមានមន្ទីរពេទ្យធំៗជាង១០០កន្លែង ភាគច្រើននៅក្វាងស៊ី និងក្វាងចូវ និងភាគច្រើនសម្ព័ន្ធប៉ អាយនេះបានវិនិយោគទាក់ទងទៅលើវិស័យសុខាភិបាលទាំងអស់ រួមមានទាំងផលិតផលកែសម្ផស្សផងដែរ ដែលមានបុគ្គលិកដល់ទៅជាង២២០០០នាក់ ព្រមទាំងបានបំពាក់នូវឧបករណ៍ទំនើបឈានមុខគេ។
ពាក់ព័ន្ធនឹងតម្លៃព្យាបាលវិញ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានតម្លៃសមរម្យ បើប្រៀបធៀបនឹងមន្ទីរពេទ្យនៅសាំងហ្គាពួរវិញមានតម្លៃទាបជាងបីដង ព្រោះមានមូលនិធិសម្រាប់ជួយដល់អ្នកជំងឺក្រីក្រទៀតផង។ ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងបេសកកម្មរបស់លោកមកកម្ពុជានេះ លោកប្រធានសម្ព័ន្ធប៉អាយ បានបញ្ជាក់ឲ្យដឹងផងដែរថា លោកបានស្នើសុំក្រសួងសុខាភិបាលបើកមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅកម្ពុជាផងដែរ។ តែជាការសម្រេចយ៉ាងណានោះ លទ្ធផលនឹងសម្រេចនៅពេលក្រោយ។